ប្រវត្តិគ្រួសារលតឆា

គ្រួសារ លតឆា នំគូឆាយ ត្រូវបានបង្កើតឡើងដោយប្តីប្រពន្ធ២នាក់ ដែលដើមឡើយ ពួកគាត់ចាប់ដៃគ្នាកសាងគ្រួសារតូចមួយ នៅកំឡុងខែឧសភាឆ្នាំ១៩៨៤

បន្ទាប់មកបានចាប់ផ្តើមបង្កើតមុខរបរ ជាបន្តបន្ទាប់ដើម្បីចិញ្ចឹមជីវិត តែហាក់ដូចមិនសមប្រកប ចេះតឡុងចុងខាតដើម តែនៅតែបន្តដំណើរជីវិតមកទៀត និងអាចដោះស្រាយបានមួយថ្ងៃៗ ហើយនៅដើមឆ្នាំ១៩៨៦ គឺថ្ងៃ ១ខែមីនា ១៩៨៦ ពួកគាត់ ទទួលបានចំណងដៃកូនស្រីទី១ និងបានចាប់មុខរបថ្មីមួយទៀតគឺ ការធ្វើសាច់នំបញ្ចុក (លក់ជាគីឡូ) និងមានលតឆា សំរាប់លើក លក់ឲ្យម៉ូយផងដែរ។

តជីវភាពពលនោះ នៅតែយ៉ាប់យ៉ឺនពេលខ្លះ សឹងតែ រកសំលៀកបំពាក់ សមរម្យស្លៀកពាក់មិនបានផង និងមានថ្ងៃខ្លះរកតែអង្ករច្រកឆ្នាំងមិនបានទៀត ពេលវេលាចេះតែកន្លងផុតទៅ ការតស៊ូនៅតែមាន ការផ្លាស់ប្តូរមួយដ៏ធំ ក៏បានកើតឡើង។

បន្ទាប់ពីចាប់ផ្តើម មុខរបរ ធ្វើសាច់នំបញ្ចុក និង លតឆាគីឡូលក់មក មានម៉ូយលតឆាម្នាក់ ជាជនជាតិខ្មែរកាត់ចិន និងជាអ្នកលក់នំគូឆាយ និងលតឆា ហើយតែងតែយកលតឆា ជាប្រចាំទៅលក់ជាមួយនំគូឆាយ។ នៅដើមឆ្នាំ១៩៨៧ ចន្លោះខែមីនា និងមេសា ម៉ូយលតឆានោះ ត្រូវទៅរស់នៅភ្នំពេញ ហើយចង់សងសម្ភារៈនិងមុខរបរ លតឆានំគូឆាយ ឲ្យមក គាត់ទាំង២នាក់ តែមិនបាន បង្រៀនពីរបៀប ធ្វើនំ គូឆាយនោះទេ ក៏ប៉ុន្តែនៅចាត់ទុកថាសំណាង ព្រោះគាត់បានអនុញ្ញាត ឲ្យទៅមើលពីការធ្វើនំគូឆាយតាំងពីចាប់ផ្តើម រហូតដល់នំឆ្អិន ដោយមិនបានប្រាប់ពីបច្ចេកទេសអ្វីទាំងអស់ ។ ពេលទៅដល់កន្លែងធ្វើនំគូឆាយនោះ គាត់(អ្នកម្តាយ)បានមើលយ៉ាងយកចិត្តទុកដាក់បំផុត តាំងពីការលាយម្សៅ កូរម្សៅ លាយស្នូល ការខ្ចប់ ការចំហុយរហូតដល់ចប់ បានជានំ ។

ការមើលពីរបៀបធ្វើនំគូឆាយត្រូវបានបញ្ចប់ តែពេលមកដល់ផ្ទះ គឺត្រូវជួបរឿង ដែលមិនល្អនោះគឺ កូនទី២ដែលកើតទើបបាន១ខែ ដាច់ទឹកដោះតាំងពីព្រឹករហូតដល់ពេលសៀលព្រោះពេលទៅមើលពីររបៀបធ្វើនំគូឆាយនោះ មិនបានប្រាប់អ្នកផ្ទះឲ្យដឹង ទោះយ៉ាងណាក៏ដោយបញ្ហា១នេះ ក៏ត្រូវបានបញ្ចប់ដោយកូនទើបកើតបាន១ែខ បានទទួលទឹកដោះម្តាយថ្លៃនៅពេលមកដល់ផ្ទះវិញ កូនទី២នោះគឺ លោក ពិន ពណ្ណរាយ នេះឯងដែលជាអ្នក បន្តវេន និងមើលការខុសត្រូវប្រចាំថ្ងៃនៅ សាខាទី២ របស់ គ្រួសារ លតឆា នំគូឆាយ។

សូមស្លេះប៉ុណ្ណេះសិន មកនិយាយពីការមកសាកល្បងធ្វើនំគូឆាយដោយខ្លួនឯងវិញម្តង

ពិតណាស់គ្មានការសាកល្បងណាដែលជោគជ័យភ្លាមៗនោះទេ លើកទី១បរាជ័យ លើកទី២បរាជ័យ លើកទី៣ លើកទី៤ លើកទី… ច្រើនដង នៅមិនទាន់សម្រេច តែដូចពាក្យចាស់លោកថា ការតស៊ូព្យាយាមគង់បានសម្រេច តែមុននិងសាកល្បងម្ដងទៀត គាត់បានគិតហើយគិតទៀត ពីការសាកល្បងមុនៗ ច្នៃហើយច្នៃទៀត សិក្សាពីសាច់ម្សៅ ស្នួល ហើយសាកល្បង បន្ដទៀត ពេលនោះធ្វើរួចហើយដាក់ចំហុយ បានឆ្អិន ស្រាប់តែឃើញបានដូចសាច់នំដែលគាត់ចង់បាន ពេលហែកមកសាច់នំទន់ល្អ ស្នូលខាងក្នុងនៅពណ៌ស្រស់ ពេលនោះហើយជាពេលដែលស្រ្តីដ៏មហិមាម្នាក់នេះរីករាយបំផុតអាចមើលឃើញពិភពលោក ដ៏ស្រស់បំព្រង ជើងលោតផុតពីដី ស្ទុះទៅអោបប្ដីដោយមិនដឹងខ្លួន ។

ហើយក៏ចាប់ផ្តើមមុខរបរលតឆា នំគូឆាយ តាំងពីពេលនោះមក គឺនៅឆ្នាំ១៩៨៧ ។ការចាប់ផ្តើម មុខរបរមួយនេះក៏ចេះតែរីកចម្រើនជាបន្តបន្ទាប់ និងកែច្នៃ អភិវឌ្ឍរហូតបាន រកឃើញនូវរូបមន្ត មួយដ៏ពិតប្រាកដ មានរសជាតិ និងការគាំទ្រ ដូចសព្វថ្ងៃ។

Cooking is the ultimate giving. Meet our team.